បរិទេវ 2:16-22 KHOV

16 ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ

17 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​ដែល​ទ្រង់​គិត​ធ្វើ ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ទ្រង់​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​សេចក្តី​អំណរ​ពី​ដំណើរ​នាង ទ្រង់​បាន​លើក​ដំកើង​ស្នែង​របស់​ពួក​ដែល​ត​តាំង​នឹង​នាង។

18 ចិត្ត​របស់​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់... ឱ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ ដូច​ជា​ទន្លេ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កុំ​ឲ្យ​ឈប់​សំរាក​ឡើយ កុំ​ឲ្យ​ប្រស្រី​ភ្នែក​របស់​នាង​ឈប់​ផ្អាក​ឲ្យ​សោះ

19 ចូរ​ក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ទ្រង់ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។

20 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចារណា​មើល ដែល​ទ្រង់​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សំឡាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ

21 ទាំង​ពួក​ជំទង់ និង​ពួក​ចាស់ៗ​សុទ្ធ​តែ​ដេក​នៅ​តាម​ផ្លូវ ឯ​ពួក​ក្រមុំ និង​ពួក​កំឡោះៗ​របស់​ខ្ញុំ​ម្ចាស់ គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ ទ្រង់​បាន​ប្រហារ​ជីវិត​គេ ក្នុង​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់ ទ្រង់​បាន​កាប់​សំឡាប់​គេ ឥត​ប្រណី​ឡើយ

22 ទ្រង់​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ​មុត‌មាំ ឲ្យ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំវិញ គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ ក្នុង​ថ្ងៃ​នៃ​សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ឡើយ ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់​បាន​សំឡាប់​អស់​ហើយ។