បរិទេវ 2:4-10 KHOV

4 ទ្រង់​បាន​យឹត​ធ្នូ ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​បាន​លើក​ព្រះ‌ហស្ត ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​នៃ​គ្រប់​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន នោះ​ទ្រង់​បាន​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ចេញ​ដូច​ជា​ភ្លើង

5 ព្រះ‌អម្ចាស់​ទ្រង់​បាន​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រា‌អែល​បាត់​ទៅ ទ្រង់​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចំរើន​ការ​សោក‌សៅ និង​ការ​យំ​ទួញ ក្នុង​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង

6 ទ្រង់​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ទ្រង់​ចេញ​ដោយ​កំឡាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​ទី​ប្រជុំ​របស់​ទ្រង់​ចោល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភ្លេច​ជំនុំ​មុត‌មាំ និង​ថ្ងៃ​ឈប់​សំរាក ឲ្យ​សូន​បាត់​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ក្នុង​សេចក្តី​គ្នាន់‌ក្នាញ់​របស់​សេចក្តី​ខ្ញាល់​ទ្រង់ នោះ​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទាំង​ស្តេច និង​សង្ឃ​ផង

7 ព្រះ‌អម្ចាស់​ទ្រង់​បាន​បោះ‌បង់​ចោល​អាសនា​របស់​ទ្រង់ ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ទ្រង់​ដែរ ទ្រង់​បាន​ប្រគល់​អស់​ទាំង​កំផែង​នៃ​ព្រះ‌រាជ‌វាំង ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់

8 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​បង់ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ទ្រង់​បាន​បណ្តាល​ឲ្យ​ទាំង​របង​សីមា និង​កំផែង ទួញ​ទំនួញ ហើយ​រោយ‌រៀវ​ទៅ​ជា​មួយ​គ្នា

9 ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ

10 ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។