5 ព្រះអម្ចាស់ទ្រង់បានត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ទ្រង់បានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចំរើនការសោកសៅ និងការយំទួញ ក្នុងកូនស្រីយូដាជាច្រើនឡើង
6 ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកំឡាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំ និងថ្ងៃឈប់សំរាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្តីគ្នាន់ក្នាញ់របស់សេចក្តីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច និងសង្ឃផង
7 ព្រះអម្ចាស់ទ្រង់បានបោះបង់ចោលអាសនារបស់ទ្រង់ ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ទ្រង់ដែរ ទ្រង់បានប្រគល់អស់ទាំងកំផែងនៃព្រះរាជវាំង ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់
8 ព្រះយេហូវ៉ាទ្រង់បានសំរេចនឹងបំផ្លាញកំផែងនៃកូនស្រីស៊ីយ៉ូនបង់ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ទ្រង់បានបណ្តាលឲ្យទាំងរបងសីមា និងកំផែង ទួញទំនួញ ហើយរោយរៀវទៅជាមួយគ្នា
9 ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះទៅក្នុងដី ទ្រង់បានបំបាក់បំផ្លាញរនុកផង ឯស្តេច និងពួកចៅហ្វាយ គេនៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ អើ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែងពីព្រះយេហូវ៉ាទៀតដែរ
10 ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូន គេអង្គុយនៅដី ឥតមាត់កអ្វីឡើយ គេបានបាចធូលីដីទៅលើក្បាល ហើយស្លៀកសំពត់ធ្មៃ ពួកក្រមុំៗ នៃក្រុងយេរូសាឡិមក៏សំយុងក្បាលដល់ដី។
11 ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះកូនតូច និងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង