7 ព្រះអម្ចាស់ទ្រង់បានបោះបង់ចោលអាសនារបស់ទ្រង់ ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ទ្រង់ដែរ ទ្រង់បានប្រគល់អស់ទាំងកំផែងនៃព្រះរាជវាំង ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់
8 ព្រះយេហូវ៉ាទ្រង់បានសំរេចនឹងបំផ្លាញកំផែងនៃកូនស្រីស៊ីយ៉ូនបង់ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ទ្រង់បានបណ្តាលឲ្យទាំងរបងសីមា និងកំផែង ទួញទំនួញ ហើយរោយរៀវទៅជាមួយគ្នា
9 ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះទៅក្នុងដី ទ្រង់បានបំបាក់បំផ្លាញរនុកផង ឯស្តេច និងពួកចៅហ្វាយ គេនៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ អើ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែងពីព្រះយេហូវ៉ាទៀតដែរ
10 ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូន គេអង្គុយនៅដី ឥតមាត់កអ្វីឡើយ គេបានបាចធូលីដីទៅលើក្បាល ហើយស្លៀកសំពត់ធ្មៃ ពួកក្រមុំៗ នៃក្រុងយេរូសាឡិមក៏សំយុងក្បាលដល់ដី។
11 ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះកូនតូច និងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង
12 វាសួរដល់ម្តាយថា តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ
13 ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកំសាន្តចិត្តនាងបាន ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន