បរិទេវ 2:8-14 KHOV

8 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​បង់ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ទ្រង់​បាន​បណ្តាល​ឲ្យ​ទាំង​របង​សីមា និង​កំផែង ទួញ​ទំនួញ ហើយ​រោយ‌រៀវ​ទៅ​ជា​មួយ​គ្នា

9 ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ

10 ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។

11 ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច និង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង

12 វា​សួរ​ដល់​ម្តាយ​ថា តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ

13 ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី ដើម្បី​នឹង​កំសាន្ត​ចិត្ត​នាង​បាន ដ្បិត​ការ​អន្តរាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន

14 ពួក​ហោរា​របស់​នាង​បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង‌ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​សេចក្តី​ទុច្ចរិត​របស់​នាង ប្រយោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្តី​កំភូត និង​សេចក្តី​ដែល​បណ្តាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ