13 នេះគឺដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលគេបានកំចាយឈាមរបស់មនុស្សសុចរិត នៅកណ្តាលទីក្រុងទេ
14 គេដើរវីមវាម ដូចជាមនុស្សខ្វាក់នៅតាមផ្លូវ គេសុទ្ធតែប្រឡាក់ដោយឈាម ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពាល់សំលៀកបំពាក់ របស់គេបានឡើយ
15 មនុស្សទាំងឡាយស្រែកដល់គេថា ចូរទៅចុះ អាគំរក់ ចូរចេញទៅ ទៅៗ កុំមកពាល់អ្វីឡើយ កាលគេបានរត់ទៅ ហើយដើរសាត់ព្រាត់ទៀត នោះមនុស្សនៅកណ្តាលអស់ទាំងសាសន៍បានថា គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ
16 សេចក្តីខ្ញាល់របស់ព្រះយេហូវ៉ា បានកំចាត់កំចាយគេទៅ ទ្រង់មិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។
17 ភ្នែកយើងរាល់គ្នាស្រវាំងទៅ ដោយចាំមើលឲ្យបានជំនួយ ដែលឥតប្រយោជន៍មកជួយយើង ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍១ ដែលជួយសង្គ្រោះមិនបាន
18 គេដេញតាមជំហានយើងដល់ម៉្លេះបានជាយើងចេញទៅឯផ្លូវមិនបាន ឯចុងបំផុតរបស់យើងកាន់តែជិតដល់ កំណត់យើងក៏សំរេច ដ្បិតចុងបំផុតរបស់យើងបានមកដល់ហើយ
19 ពួកអ្នកដែលដេញតាមយើង គេរហ័សជាងឥន្ទ្រីនៅលើអាកាស គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន