13 សូមចូលទៅគាល់ស្តេចដាវីឌទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ថា ត្រូវឲ្យសាឡូម៉ូន ជាកូនឯង សោយរាជ្យក្រោយអញជាពិត ក៏ត្រូវអង្គុយលើបល្ល័ង្កអញនោះទេឬអី ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាសោយរាជ្យវិញ
14 មើល កំពុងដែលព្រះនាងនៅទូលនឹងស្តេច ក្នុងទីនោះនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយនឹងបញ្ជាក់ពាក្យរបស់ព្រះនាងដែរ។
15 បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម នាងកំពុងតែបំរើទ្រង់
16 បាតសេបាក៏ឱនខ្លួនគោរពនៅចំពោះស្តេច រួចស្តេចទ្រង់មានព្រះបន្ទូលសួរថា តើមកមានប្រាថ្នាអ្វី
17 ព្រះនាងទូលឆ្លើយថា បពិត្រព្រះអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ ដោយនូវព្រះយេហូវ៉ាជាព្រះនៃទ្រង់ថា សាឡូម៉ូនជាកូនឯង នឹងឡើងសោយរាជ្យក្រោយអញជាពិត ហើយនឹងអង្គុយលើបល្ល័ង្កអញមិនមែនឬ
18 តែមើល ឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ ទ្រង់ព្រះករុណាជាព្រះអម្ចាស់ឥតបានជ្រាបទេ
19 វាបានសំឡាប់គោ និងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់នៃព្រះករុណា ព្រមទាំងអ័បៀថើរដ៏ជាសង្ឃ និងយ៉ូអាប់ ជាមេទ័ពដែរ តែឯសាឡូម៉ូន ជាបាវបំរើទ្រង់ នោះគេមិនបានហៅទៅទេ