១ ពង្សាវតារក្សត្រ 1:15-21 KHOV

15 បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច នៅ​ក្នុង​បន្ទប់​ក្រឡា​ព្រះ‌បន្ទំ រីឯ​ស្តេច ទ្រង់​ជរា​ណាស់​ហើយ ក៏​មាន​នាង​អ័ប៊ី‌សាក ពី​ស៊ូណែម នាង​កំពុង​តែ​បំរើ​ទ្រង់

16 បាត‌សេបា​ក៏​ឱន​ខ្លួន​គោរព​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​មក​មាន​ប្រាថ្នា​អ្វី

17 ព្រះ‌នាង​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ស្បថ​នឹង​ខ្ញុំ​ម្ចាស់ ជា​បាវ​បំរើ​ទ្រង់ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​ថា សាឡូ‌ម៉ូន​ជា​កូន​ឯង នឹង​ឡើង​សោយ‌រាជ្យ​ក្រោយ​អញ​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​អញ​មិន​មែន​ឬ

18 តែ​មើល ឥឡូវ​នេះ អ័ដូ‌នីយ៉ា​បាន​ឡើង​សោយ‌រាជ្យ​ហើយ ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ឥត​បាន​ជ្រាប​ទេ

19 វា​បាន​សំឡាប់​គោ និង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​អស់​នៃ​ព្រះ‌ករុណា ព្រម​ទាំង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ និង​យ៉ូអាប់ ជា​មេ‌ទ័ព​ដែរ តែ​ឯ​សាឡូ‌ម៉ូន ជា​បាវ​បំរើ​ទ្រង់ នោះ​គេ​មិន​បាន​ហៅ​ទៅ​ទេ

20 ដូច្នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​អើយ ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​គន់​មើល​មក​ទ្រង់ ចាំ​តែ​ទ្រង់​ប្រាប់​ឲ្យ​គេ​ដឹង ជា​អ្នក​ណា​ដែល​ត្រូវ​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​ត​ពី​ទ្រង់​ទៅ

21 បើ​ពុំ​នោះ ដល់​កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ នោះ​ខ្ញុំ​ម្ចាស់ និង​សាឡូ‌ម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​រាប់​ទុក​ជា​មនុស្ស​ប្រទាំង​ការ​ហើយ។