១ ពង្សាវតារក្សត្រ 1:24-30 KHOV

24 បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អ័ដូ‌នីយ៉ា​ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​ទ្រង់ ហើយ​គង់​លើ​បល្ល័ង្ក​រាជ្យ​ឬ​អី

25 ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សំឡាប់​គោ និង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន នៃ​ព្រះ‌ករុណា ព្រម​ទាំង​ពួក​មេ‌ទ័ព និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ផង មើល គេ​កំពុង​តែ​លៀង‌លោម​គ្នា នៅ​ចំពោះ​មុខ​លោក ដោយ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​អ័ដូ‌នីយ៉ា​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

26 តែ​ឯ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា និង​សាឡូ‌ម៉ូន ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​មិន​បាន​អញ្ជើញ​ទៅ​ទេ

27 តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។

28 ខណៈ​នោះ ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ហៅ​បាត‌សេបា​មក​នេះ ព្រះ‌នាង​ក៏​ចូល​មក​ឈរ​គាល់​នៅ​ចំពោះ​ស្តេច

29 រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា​ថា

30 នៅ​ថ្ងៃ​នេះ យើង​នឹង​សំរេច​តាម​សេចក្តី​ដែល​យើង​បាន​ស្បថ​នឹង​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា សាឡូ‌ម៉ូន​ជា​កូន​ឯង ត្រូវ​ឡើង​សោយ‌រាជ្យ​ត​ពី​យើង​ជា​ពិត ហើយ​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជំនួស​យើង