34 ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ និងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្តីចំរើនចុះ
35 ក្រោយមក ត្រូវឲ្យអ្នករាល់គ្នាដង្ហែឡើងមក ឲ្យអង្គុយលើបល្ល័ង្ករាជ្យរបស់យើង ដ្បិតវាត្រូវសោយរាជ្យជំនួសយើង គឺយើងនេះហើយ បានដំរូវឲ្យវាធ្វើជាអ្នកនាំមុខពួកអ៊ីស្រាអែល និងពួកយូដា
36 បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ទូលឆ្លើយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដ៏ជាម្ចាស់នៃទូលបង្គំ បានព្រមដូច្នេះដែរ
37 សូមឲ្យព្រះយេហូវ៉ាទ្រង់សណ្ឋិតនៅជាមួយនឹងសាឡូម៉ូន ដូចជាបានសណ្ឋិតនៅជាមួយនឹងព្រះករុណាជាម្ចាស់នៃទូលបង្គំ ហើយប្រោសឲ្យរាជ្យទ្រង់បានវិសេសជាងរាជ្យរបស់ព្រះករុណា ជាម្ចាស់នៃទូលបង្គំទៅទៀតផង។
38 ដូច្នេះ សាដុក ដ៏ជាសង្ឃ ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម និងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ស្តេចដាវីឌ នាំចុះទៅដល់គីហុន
39 ឯសាដុក ដ៏ជាសង្ឃ លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែឡើង ហើយបណ្តាជនទាំងឡាយគេបន្លឺវាចាថា សូមឲ្យស្តេចសាឡូម៉ូនបានប្រកបដោយសេចក្តីចំរើនចុះ
40 ស្រេចហើយ បណ្តាជនទាំងអស់ក៏ដង្ហែអង្គឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្តីត្រេកអររីករាយជាខ្លាំង ដល់ម៉្លេះបានជាផែនដីក៏ខ្ទរ ដោយសូរសព្ទអឺងកងរបស់គេ។