១ ពង្សាវតារក្សត្រ 1:35-41 KHOV

35 ក្រោយ​មក ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​ដំរូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា

36 បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ក៏​ទូល​ឆ្លើយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដ៏​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ព្រម​ដូច្នេះ​ដែរ

37 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​នៅ​ជា​មួយ​នឹង​សាឡូ‌ម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង។

38 ដូច្នេះ សាដុក ដ៏​ជា​សង្ឃ ណាថាន់ ជា​ហោរា​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូ‌ម៉ូន​នៅ​លើ​លា‌កាត់​របស់​ស្តេច​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន

39 ឯ​សាដុក ដ៏​ជា​សង្ឃ លោក​យក​ស្នែង​ដែល​ដាក់​ប្រេង ចេញ​ពី​ត្រសាល​ជំនុំ ទៅ​ចាក់​ថ្វាយ​សាឡូ‌ម៉ូន រួច​គេ​ផ្លុំ​ត្រែ​ឡើង ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​គេ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ

40 ស្រេច​ហើយ បណ្តា‌ជន​ទាំង​អស់​ក៏​ដង្ហែ​អង្គ​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្តី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ផែនដី​ក៏​ខ្ទរ ដោយ​សូរ​សព្ទ​អឺង‌កង​របស់​គេ។

41 ឯ​អ័ដូ‌នីយ៉ា និង​ពួក​ភ្ញៀវ​ដែល​នៅ​ជា​មួយ គេ​ក៏​ឮ​ក្នុង​កាល​ដែល​គេ​ស៊ីលៀង​រួច កាល​យ៉ូអាប់​បាន​ឮ​សូរ​ផ្លុំ​ត្រែ នោះ​លោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មាន​សូរ​អឺង‌កង​នៅ​ក្នុង​ទី​ក្រុង​ដូច្នេះ