17 ទ្រង់ក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗ មានមាស៦នាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន
18 មួយទៀតស្តេចទ្រង់ធ្វើបល្ល័ង្ក១ធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខ១
19 មានជណ្តើរ៦ថ្នាក់ឡើងទៅដល់បល្ល័ង្កនោះ ឯបង្អែកបល្ល័ង្កនោះរាងមូល ហើយមានកំណល់ដៃ នៅទាំងសងខាងទីអង្គុយ មានរូបសិង្ហ២ឈរនៅខាងកំណល់ដៃ
20 ហើយមានសិង្ហ១២ឈរនៅថ្នាក់ជណ្តើរ៦ម្ខាង គ្មានបល្ល័ង្កណានៅក្នុងនគរណា ដែលនឹងផ្ទឹមស្មើបានឡើយ
21 ឯអស់ទាំងប្រដាប់សំរាប់សាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងគ្រឿងប្រដាប់ នៅក្នុងដំណាក់នៃព្រៃល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ គ្មានណាមួយធ្វើពីប្រាក់ទេ នៅក្នុងរាជ្យសាឡូម៉ូន នោះគេមិនសូវរាប់អានប្រាក់ប៉ុន្មានទេ
22 ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុង៣ឆ្នាំ១ដង។
23 ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី