6 ហើយមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
7 ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្តាលផង គឺប្រាជ្ញា និងសេចក្តីចំរើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទ ដែលខ្ញុំម្ចាស់បានឮទៅទៀត
8 មានពរហើយ ពួកទ្រង់ និងពួកអ្នកបំរើនេះ ដែលឈរចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
9 សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ា ទ្រង់ស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ប្រយោជន៍ឲ្យបានសំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត
10 រួចព្រះនាងទ្រង់ថ្វាយមាស១២០ហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃដល់ស្តេច ក្រោយនោះមកមិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះបានចូលមក ឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូន នោះទៀតឡើយ។
11 ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានដំឡៃ មកពីស្រុកនោះដែរ
12 ស្តេចទ្រង់យកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សំរាប់ពួកចំរៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។