12 ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ
13 អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសហើយផង។
14 ព្រះយេហូវ៉ាទ្រង់ក៏បណ្តាល ឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដំម ដែលជាវង្សានៃស្តេចស្រុកនោះ
15 ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម
16 (ដ្បិតយ៉ូអាប់ និងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសំឡាប់ពួកប្រុសៗនៃសាសន៍អេដំមនោះអស់រលីងទៅ)
17 គ្រានោះ ហាដាឌ់បានរត់រួច ព្រមទាំងសាសន៍អេដំមខ្លះ ដែលជាអ្នកបំរើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌ់នៅជាកុមារតូចនៅឡើយ
18 គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំយកមនុស្សខ្លះពីប៉ារ៉ាន ទៅជាមួយនឹងគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោន ជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះ១ឲ្យលោកនៅ និងស្រែចំការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង