2 ជាស្ត្រីនៃសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា មិនត្រូវឯងរាល់គ្នាចូលទៅឯគេ ឬឲ្យគេចូលមកឯងរាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តឯងរាល់គ្នាឲ្យទៅតាមព្រះគេជាមិនខាន តែសាឡូម៉ូនបានចងពន្ធនឹងគេ ដោយសេចក្តីស្រឡាញ់វិញ
3 ទ្រង់មានភរិយាអស់៧០០ សុទ្ធតែជាកូនស្តេចទាំងអស់ ហើយមានស្រីអ្នកម្នាង៣០០ ឯភរិយាទាំងនោះ ក៏នាំបង្វែរព្រះទ័យទ្រង់ចេញ
4 ដ្បិតកាលណាសាឡូម៉ូនទ្រង់ចាស់ហើយ នោះភរិយាទ្រង់បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យរបស់ដាវីឌ ជាបិតាទ្រង់ទេ
5 ពីព្រោះសាឡូម៉ូនទ្រង់ប្រតិបត្តិតាមព្រះអាសថារ៉ូត ជាព្រះនៃពួកស៊ីដូន ហើយតាមព្រះមីលកូម ជាសេចក្តីគួរខ្ពើមរបស់ពួកអាំម៉ូនដែរ
6 សាឡូម៉ូនក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាត ដូចជាដាវីឌ ជាព្រះបិតាទ្រង់ដែរ
7 នៅគ្រានោះសាឡូម៉ូនទ្រង់ក៏ធ្វើកន្លែង សំរាប់ថ្វាយបង្គំដល់ព្រះកេម៉ូស ជាសេចក្តីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់១ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម និងសំរាប់ព្រះម៉ូឡុក ជាសេចក្តីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ
8 ទ្រង់ក៏ធ្វើយ៉ាងនោះសំរាប់ដល់គ្រប់ទាំងភរិយារបស់ទ្រង់ ជាសាសន៍ដទៃទាំងនោះ ហើយនាងទាំងនោះក៏ដុតកំញាន ព្រមទាំងថ្វាយយញ្ញបូជា ដល់ព្រះរបស់គេ។