១ ពង្សាវតារក្សត្រ 11:21-27 KHOV

21 ក្រោយ​មក កាល​ហាដាឌ់​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ់​ទូល​ផារ៉ោន​ថា សូម​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូល‌បង្គំ​វិញ

22 តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ​សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ។

23 ព្រះ​ក៏​បណ្តា​ឲ្យ​មាន​អ្នក​តតាំង​នឹង​ទ្រង់​ម្នាក់​ទៀត គឺ​ឈ្មោះ​រេសោន ជា​កូន​អេលី‌យ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន

24 អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សំឡាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ

25 អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។

26 ឯ​យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រា‌អិម ពី​ស្រុក​សេរេដា ជា​អ្នក​បំរើ​សាឡូ‌ម៉ូន ដែល​ម្តាយ​ជា​ស្រី​មេម៉ាយ​ឈ្មោះ​សេរូអា នោះ​ក៏​បាន​លើក​ដៃ​ឡើង​ទាស់​នឹង​ស្តេច​ដែរ

27 ហើយ​ហេតុ​ដែល​លើក​ដៃ​ទាស់​នឹង​ស្តេច នោះ​គឺ​ពី​ព្រោះ​សាឡូ‌ម៉ូន​ទ្រង់​បាន​សង់​ប៉ម​មីឡូរ ព្រម​ទាំង​ជួស‌ជុល​ទី​បាក់​បែក​នៃ​កំផែង​ទី​ក្រុង​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់