22 តែផារ៉ោនមានព្រះបន្ទូលសួរថា នៅជាមួយនឹងយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ លោកទូលឆ្លើយថា គ្មានខ្វះអ្វីទេ ប៉ុន្តែសូមឲ្យតែទូលបង្គំបានទៅចុះ។
23 ព្រះក៏បណ្តាឲ្យមានអ្នកតតាំងនឹងទ្រង់ម្នាក់ទៀត គឺឈ្មោះរេសោន ជាកូនអេលីយ៉ាដា ជាអ្នកដែលបានរត់ពីហាដា-រេស៊ើរ ជាស្តេចសូបា ចៅហ្វាយរបស់ខ្លួន
24 អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសំឡាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ
25 អ្នកនោះក៏ទាស់ទទឹងនឹងសាសន៍អ៊ីស្រាអែល រហូតដល់អស់ព្រះជន្មនៃសាឡូម៉ូន នេះជាការប្រទូសរ៉ាយ ក្រៅពីការដែលហាដាឌ់បានធ្វើ ឯរេសោនបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែល ក៏សោយរាជ្យលើស្រុកស៊ីរី។
26 ឯយេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបំរើសាឡូម៉ូន ដែលម្តាយជាស្រីមេម៉ាយឈ្មោះសេរូអា នោះក៏បានលើកដៃឡើងទាស់នឹងស្តេចដែរ
27 ហើយហេតុដែលលើកដៃទាស់នឹងស្តេច នោះគឺពីព្រោះសាឡូម៉ូនទ្រង់បានសង់ប៉មមីឡូរ ព្រមទាំងជួសជុលទីបាក់បែកនៃកំផែងទីក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់
28 យេរ៉ូបោមនេះ ជាអ្នកក្លាហានស្ទាត់ជំនាញ សាឡូម៉ូនទ្រង់ឃើញថា អ្នកកំឡោះនេះមានចិត្តឧស្សាហ៍ធ្វើការ បានជាទ្រង់តាំងឲ្យត្រួតលើការទាំងអស់ របស់ពូជពង្សយ៉ូសែប