១ ពង្សាវតារក្សត្រ 11:3-9 KHOV

3 ទ្រង់​មាន​ភរិយា​អស់​៧០០ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក‌ម្នាង​៣០០ ឯ​ភរិយា​ទាំង​នោះ ក៏​នាំ​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ចេញ

4 ដ្បិត​កាល​ណា​សាឡូ‌ម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ‌ទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​របស់​ដាវីឌ ជា​បិតា​ទ្រង់​ទេ

5 ពី​ព្រោះ​សាឡូ‌ម៉ូន​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​នៃ​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្តី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ

6 សាឡូ‌ម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ‌យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​ដែរ

7 នៅ​គ្រា​នោះ​សាឡូ‌ម៉ូន​ទ្រង់​ក៏​ធ្វើ​កន្លែង សំរាប់​ថ្វាយ‌បង្គំ​ដល់​ព្រះ​កេម៉ូស ជា​សេចក្តី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​១ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡិម និង​សំរាប់​ព្រះ​ម៉ូឡុក ជា​សេចក្តី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ

8 ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​សំរាប់​ដល់​គ្រប់​ទាំង​ភរិយា​របស់​ទ្រង់ ជា​សាសន៍​ដទៃ​ទាំង​នោះ ហើយ​នាង​ទាំង​នោះ​ក៏​ដុត​កំញាន ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​គេ។

9 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្តី​ខ្ញាល់​ចំពោះ​សាឡូ‌ម៉ូន ដោយ​ព្រោះ​ព្រះ‌ទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ