១ ពង្សាវតារក្សត្រ 11:36-42 KHOV

36 ឯ​បុត្រ​របស់​ទ្រង់ អញ​នឹង​ឲ្យ​ពូជ​អំបូរ​១ ដើម្បី​ឲ្យ​ដាវីឌ ជា​អ្នក​បំរើ​អញ បាន​ចង្កៀង​១​ភ្លឺ​ជា​ដរាប នៅ​ចំពោះ​អញ ក្នុង​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​អញ​បាន​រើស​សំរាប់​តាំង​ឈ្មោះ​អញ

37 អញ​នឹង​យក​ឯង​តាំង​ឡើង ហើយ​ឯង​នឹង​គ្រប់‌គ្រង​តាម​បំណង​ចិត្ត ព្រម​ទាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល

38 ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​អញ​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ដោយ​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​របស់​អញ ដូច​ជា​ដាវីឌ ជា​អ្នក​បំរើ​អញ​ដែរ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ហើយ​នឹង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​អញ​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ អញ​នឹង​ប្រគល់​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ឯង

39 អញ​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ

40 ដូច្នេះ សាឡូ‌ម៉ូន​ទ្រង់​រក​សំឡាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​សាឡូ‌ម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។

41 រីឯ​ដំណើរ​ឯ​ទៀត​ពី​សាឡូ‌ម៉ូន និង​ការ​ដែល​ទ្រង់​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ប្រាជ្ញា​របស់​ទ្រង់ នោះ​សុទ្ធ​តែ​កត់​ទុក ក្នុង​សៀវភៅ ពី​កិច្ច‌ការ​របស់​សាឡូ‌ម៉ូន​ហើយ

42 សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ