7 នៅគ្រានោះសាឡូម៉ូនទ្រង់ក៏ធ្វើកន្លែង សំរាប់ថ្វាយបង្គំដល់ព្រះកេម៉ូស ជាសេចក្តីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់១ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម និងសំរាប់ព្រះម៉ូឡុក ជាសេចក្តីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ
8 ទ្រង់ក៏ធ្វើយ៉ាងនោះសំរាប់ដល់គ្រប់ទាំងភរិយារបស់ទ្រង់ ជាសាសន៍ដទៃទាំងនោះ ហើយនាងទាំងនោះក៏ដុតកំញាន ព្រមទាំងថ្វាយយញ្ញបូជា ដល់ព្រះរបស់គេ។
9 ដូច្នេះ ព្រះយេហូវ៉ាទ្រង់កើតមានសេចក្តីខ្ញាល់ចំពោះសាឡូម៉ូន ដោយព្រោះព្រះទ័យទ្រង់បានបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញ២ដងហើយ
10 ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរ ថា មិនត្រូវឲ្យទ្រង់ប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មកនោះទេ
11 ហេតុដូច្នោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាឡូម៉ូនថា ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្តីសញ្ញារបស់អញ និងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ត្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបំរើរបស់ឯងវិញ
12 ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ
13 អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសហើយផង។