១ ពង្សាវតារក្សត្រ 11:8-14 KHOV

8 ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​សំរាប់​ដល់​គ្រប់​ទាំង​ភរិយា​របស់​ទ្រង់ ជា​សាសន៍​ដទៃ​ទាំង​នោះ ហើយ​នាង​ទាំង​នោះ​ក៏​ដុត​កំញាន ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​គេ។

9 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្តី​ខ្ញាល់​ចំពោះ​សាឡូ‌ម៉ូន ដោយ​ព្រោះ​ព្រះ‌ទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ

10 ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរ ថា មិន​ត្រូវ​ឲ្យ​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​នោះ​ទេ

11 ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្តី​សញ្ញា​របស់​អញ និង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បំរើ​របស់​ឯង​វិញ

12 ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ

13 អញ​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​ពូជ​អំបូរ​១​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ហើយ​ផង។

14 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល ឲ្យ​មាន​អ្នក​ត​តាំង​នឹង​សាឡូ‌ម៉ូន​ម្នាក់ គឺ​ហាដាឌ់ ជា​សាសន៍​អេដំម ដែល​ជា​វង្សា​នៃ​ស្តេច​ស្រុក​នោះ