9 ដូច្នេះ ព្រះយេហូវ៉ាទ្រង់កើតមានសេចក្តីខ្ញាល់ចំពោះសាឡូម៉ូន ដោយព្រោះព្រះទ័យទ្រង់បានបែរចេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញ២ដងហើយ
10 ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរ ថា មិនត្រូវឲ្យទ្រង់ប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មកនោះទេ
11 ហេតុដូច្នោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាឡូម៉ូនថា ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្តីសញ្ញារបស់អញ និងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ត្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបំរើរបស់ឯងវិញ
12 ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ
13 អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសហើយផង។
14 ព្រះយេហូវ៉ាទ្រង់ក៏បណ្តាល ឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដំម ដែលជាវង្សានៃស្តេចស្រុកនោះ
15 ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម