១ ពង្សាវតារក្សត្រ 12:10-16 KHOV

10 រួច​ពួក​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ឆ្លើយ​ថា ឯ​ពួក​រាស្ត្រ​នេះ ដែល​មក​ទូល​សូម​ទ្រង់​ថា ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​រាល់​គ្នា​ធ្ងន់​ពន់‌ពេក សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​បាន​ស្រាល​ដល់​យើង​ខ្ញុំ​វិញ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​ថា កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​ព្រះ‌បិតា​យើង

11 ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។

12 លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូ‌បោម និង​បណ្តា‌ជន​ទាំង‌ឡាយ ក៏​មូល​មក​គាល់​រេហូ‌បោម ដូច​ជា​ស្តេច​បាន​បង្គាប់​ដោយ​ព្រះ‌បន្ទូល​ថា ដល់​ថ្ងៃ​ទី​៣ ចូរ​ឯង​រាល់​គ្នា​មក​ឯ​យើង​វិញ

13 នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

14 គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា ព្រះ‌បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ

15 ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តា‌ជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សំរេច​តាម​សេចក្តី ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។

16 កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ