១ ពង្សាវតារក្សត្រ 12:15-21 KHOV

15 ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តា‌ជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សំរេច​តាម​សេចក្តី ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។

16 កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ

17 ឯ​ត្រង់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា នោះ​រេហូ‌បោម​បាន​គ្រង​រាជ្យ​លើ​គេ​វិញ

18 រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​គេ​ចោល​លោក​នឹង​ថ្ម​ឲ្យ​ស្លាប់​ទៅ ដូច្នេះ​ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ នឹង​ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

19 គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

20 គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ទៅ​អញ្ចើញ​លោក​មក​ក្នុង​ជំនុំ​គេ រួច​គេ​តាំង​លោក​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជវង្ស​របស់​ដាវីឌ​ឡើយ មាន​តែ​ពូជ​អំបូរ​យូដា​១​ប៉ុណ្ណោះ។

21 លុះ​កាល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​ពូជ​អំបូរ​បេន‌យ៉ា‌មីន រួម​ទាំង​អស់​បាន​ប្រុសៗ​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចំបាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​សាឡូ‌ម៉ូន​វិញ