18 រួចមកស្តេចរេហូបោមទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាគេចោលលោកនឹងថ្មឲ្យស្លាប់ទៅ ដូច្នេះស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ នឹងឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម
19 គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជ្យវង្សរបស់ដាវីឌ ដរាបដល់សព្វថ្ងៃនេះ
20 គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យទៅអញ្ចើញលោកមកក្នុងជំនុំគេ រួចគេតាំងលោកឡើងឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជវង្សរបស់ដាវីឌឡើយ មានតែពូជអំបូរយូដា១ប៉ុណ្ណោះ។
21 លុះកាលរេហូបោមបានមកដល់ក្រុងយេរូសាឡិម នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ និងពូជអំបូរបេនយ៉ាមីន រួមទាំងអស់បានប្រុសៗ១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចំបាំង ដើម្បីលើកទៅច្បាំងនឹងពួកពូជពង្សអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកឲ្យរេហូបោម ជាកូនសាឡូម៉ូនវិញ
22 ប៉ុន្តែព្រះបន្ទូលនៃព្រះបានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា
23 ចូរប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ព្រមទាំងពូជពង្សយូដា និងបេនយ៉ាមីន ហើយនឹងពួកជនឯទៀតថា
24 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺកុំឲ្យនាក់ឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់ឯងរាល់គ្នាឡើយ ចូរវិលទៅឯផ្ទះរបស់ឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាទៅ។