21 លុះកាលរេហូបោមបានមកដល់ក្រុងយេរូសាឡិម នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ និងពូជអំបូរបេនយ៉ាមីន រួមទាំងអស់បានប្រុសៗ១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចំបាំង ដើម្បីលើកទៅច្បាំងនឹងពួកពូជពង្សអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកឲ្យរេហូបោម ជាកូនសាឡូម៉ូនវិញ
22 ប៉ុន្តែព្រះបន្ទូលនៃព្រះបានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា
23 ចូរប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ព្រមទាំងពូជពង្សយូដា និងបេនយ៉ាមីន ហើយនឹងពួកជនឯទៀតថា
24 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺកុំឲ្យនាក់ឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់ឯងរាល់គ្នាឡើយ ចូរវិលទៅឯផ្ទះរបស់ឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាទៅ។
25 ក្រោយនោះមក យេរ៉ូបោមទ្រង់សង់ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម រួចទ្រង់គង់នៅទីនោះ ហើយចេញពីទីនោះទៅសង់ក្រុងពេនួលទៀត។
26 យេរ៉ូបោមទ្រង់ព្រះដំរិះក្នុងព្រះទ័យថា រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ
27 បើសិនជាបណ្តាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នោះចិត្តគេនឹងវិលត្រឡប់ ទៅឯចៅហ្វាយគេវិញគឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសំឡាប់អញបង់ ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា