28 ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានព្រះបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯង ដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក
29 ទ្រង់ក៏តម្កល់ទុក១នៅក្រុងបេត-អែល ហើយ១ទៀតនៅក្រុងដាន់
30 ដំណើរនោះក៏ត្រឡប់ជាហេតុឲ្យមានបាបឡើង ពីព្រោះពួកជនទាំងឡាយ គេខំទៅថ្វាយបង្គំ នៅចំពោះរូប១នោះ ដែលនៅក្រុងដាន់
31 ទ្រង់ក៏ស្អាងវិហារនៅលើទីខ្ពស់ទាំងប៉ុន្មាន ហើយបានយកមនុស្សពីបណ្តាជនទាំងឡាយ ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ
32 រួចទ្រង់ដំរូវឲ្យមានបុណ្យនៅថ្ងៃ១៥ខែកត្តិក ឲ្យដូចជាបុណ្យដែលគេធ្វើនៅស្រុកយូដាដែរ ហើយទ្រង់ថ្វាយយញ្ញបូជានៅលើអាសនា ទ្រង់ក៏ធ្វើដូច្នោះនៅក្រុងបេត-អែលទៀត ព្រមទាំងថ្វាយយញ្ញបូជាដល់រូបគោដែលទ្រង់បានធ្វើផង ទ្រង់ដាក់ពួកសង្ឃ ដែលបានតាំងឡើង សំរាប់ទីខ្ពស់ទាំងប៉ុន្មាន ឲ្យនៅក្រុងបេត-អែល
33 ដល់ថ្ងៃ១៥ខែកត្តិក ជាវេលាដែលទ្រង់បានគិតសំរេចក្នុងព្រះទ័យហើយ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅលើអាសនានោះ ដែលទ្រង់បានស្អាង នៅក្រុងបេត-អែល ហើយទ្រង់ក៏តាំងថ្ងៃនោះ ទុកជាថ្ងៃបុណ្យ ដល់ពួកកូនចៅអ៊ីស្រាអែល រួចទ្រង់ឡើងទៅដុតកំញានថ្វាយ នៅលើអាសនាផង។