១ ពង្សាវតារក្សត្រ 12:3-9 KHOV

3 ហើយ​មាន​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​មក នោះ​យេរ៉ូ‌បោម និង​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម​ទូល​ថា

4 ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពន់‌ពេក ដូច្នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ការ​តឹង‌រ៉ឹង​របស់​ព្រះ‌វរ‌បិតា​ទ្រង់ និង​នឹម​យ៉ាង​ធ្ងន់​ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំ​រាល់​គ្នា បាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់

5 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សូម​ត្រឡប់​មក​វិញ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​បង្គំ​លា​ទៅ។

6 ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូ‌ម៉ូន បិតា​ទ្រង់ ពី​កាល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​របស់​លោក​រាល់​គ្នា នោះ​តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច

7 លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជា‌ជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​បាវ​បំរើ​របស់​ទ្រង់​ជា​ដរាប​ទៅ

8 ប៉ុន្តែ​ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ

9 ដោយ​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​មក​សូម​យើង​ថា សូម​មេត្តា​ប្រោស​ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា បាន​ស្រាល​ទៅ