១ ពង្សាវតារក្សត្រ 13:1-5 KHOV

1 ខណៈ​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ឯ​យេរ៉ូ‌បោម ទ្រង់​កំពុង​តែ​ឈរ​នៅ​មុខ​អាស‌នា ដើម្បី​ដុត​កំញាន

2 អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាស‌នា​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ម្នាល​អាស‌នាៗ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល នឹង​មាន​បុត្រា​១​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ

3 អ្នក​នោះ​ក៏​ប្រាប់​ទី​សំគាល់​១​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា នេះ​ជា​ទី​សំគាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ មើល អាស‌នា​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ នឹង​ត្រូវ​ខ្ចាយ​ចេញ

4 កាល​ស្តេច​យេរ៉ូ‌បោម​ទ្រង់​ឮ​ពាក្យ ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាស‌នា នៅ​ក្រុង​បេត-អែល​ដូច្នោះ នោះ​ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាស‌នា​ចង្អុល​ទៅ​ថា ចូរ​ចាប់​វា​ទៅ ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ​កន្ត្រាក់​មក​វិញ​មិន​បាន

5 អាស‌នា​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់​ខ្ចាយ​ពី​លើ​ទៅ តាម​ទី​សំគាល់​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា