25 ហើយមើល មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្តាលផ្លូវ និងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។
26 កាលដំណឹងបានឮទៅដល់ហោរា ដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា នេះគឺជាអ្នកសំណប់របស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ បានជាព្រះយេហូវ៉ា ទ្រង់បានប្រគល់ទៅឲ្យសត្វសិង្ហហែកសំឡាប់បង់ តាមសេចក្តីដែលទ្រង់មានព្រះបន្ទូលប្រាប់នោះ
27 រួចគាត់បង្គាប់ទៅកូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងឲ្យ
28 នោះគាត់ក៏ចេញទៅឃើញសពដេកនៅកណ្តាលផ្លូវ និងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសពឬហែកលាឡើយ
29 ដូច្នេះ ហោរាចាស់ក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីនឹងកាន់ទុក្ខ ហើយបញ្ចុះសពនៃអ្នកសំណប់របស់ព្រះ
30 គាត់ក៏បញ្ចុះនៅក្នុងផ្លូវរបស់ខ្លួន ហើយនាំគ្នាកាន់ទុក្ខ ដោយពាក្យថា ស្តាយណាស់ប្អូនអើយ
31 កាលក្រោយដែលបានបញ្ចុះរួចហើយ នោះគាត់ផ្តាំកូនថា កាលណាអញស្លាប់ទៅ ត្រូវឲ្យបញ្ចុះសពអញនៅក្នុងផ្នូរ ដែលបានបញ្ចុះអ្នកសំណប់របស់ព្រះនេះដែរ ចូរដាក់ឆ្អឹងអញនៅទន្ទឹមគ្នា