១ ពង្សាវតារក្សត្រ 13:29-34 KHOV

29 ដូច្នេះ ហោរា​ចាស់​ក៏​លើក​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​របស់​ខ្លួន ដើម្បី​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​នៃ​អ្នក​សំណប់​របស់​ព្រះ

30 គាត់​ក៏​បញ្ចុះ​នៅ​ក្នុង​ផ្លូវ​របស់​ខ្លួន ហើយ​នាំ​គ្នា​កាន់​ទុក្ខ ដោយ​ពាក្យ​ថា ស្តាយ​ណាស់​ប្អូន​អើយ

31 កាល​ក្រោយ​ដែល​បាន​បញ្ចុះ​រួច​ហើយ នោះ​គាត់​ផ្តាំ​កូន​ថា កាល​ណា​អញ​ស្លាប់​ទៅ ត្រូវ​ឲ្យ​បញ្ចុះ​សព​អញ​នៅ​ក្នុង​ផ្នូរ ដែល​បាន​បញ្ចុះ​អ្នក​សំណប់​របស់​ព្រះ​នេះ​ដែរ ចូរ​ដាក់​ឆ្អឹង​អញ​នៅ​ទន្ទឹម​គ្នា

32 ពី​ព្រោះ​ពាក្យ​ដែល​គាត់​បាន​ស្រែក ដោយ​នូវ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទាស់​នឹង​អាស‌នា​នៅ​ក្រុង​បេត-អែល ហើយ​ទាស់​នឹង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន នោះ​នឹង​កើត​មក​ជា​ពិត។

33 ក្រោយ​ការ​នោះ​មក យេរ៉ូ‌បោម​ក៏​នៅ​តែ​មិន​ព្រម​បែរ​ចេញ ពី​ផ្លូវ​អាក្រក់​របស់​ទ្រង់​ឡើយ គឺ​ទ្រង់​ចេះ​តែ​យក​មនុស្ស​ពី​បណ្តា‌ជន​ទាំង‌ឡាយ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៀត ឯ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​សង្ឃ នោះ​ទ្រង់​ក៏​ប្រោស​តាំង ឲ្យ​អ្នក​នោះ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៅ

34 ដំណើរ​នោះ​ក៏​ត្រឡប់​ជា​បាប ដល់​ព្រះ‌វង្សា​យេរ៉ូ‌បោម រហូត​ដល់​ត្រូវ​កាត់‌កាល់ ហើយ​លាញ​ចេញ​ពី​ផែនដី​ទៅ។