9 ដ្បិតព្រះយេហូវ៉ាទ្រង់បានហាមទូលបង្គំថា កុំឲ្យឯងបរិភោគអាហារឬទឹក ហើយកុំឲ្យវិលមកវិញតាមផ្លូវ ដែលឯងទៅនោះឡើយ
10 ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវ១ទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។
11 រីឯនៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ ក៏មកប្រាប់ឪពុក ពីគ្រប់ទាំងការ ដែលអ្នកសំណប់របស់ព្រះបានធ្វើ នៅក្រុងបេត-អែល នាថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ
12 ឯផ្លូវដែលអ្នកសំណប់របស់ព្រះ មកពីស្រុកយូដាបានទៅវិញ នោះកូនគាត់ក៏បានឃើញ ដូច្នេះ គាត់សួរកូនថា តើអ្នកនោះបានចេញទៅតាមផ្លូវណា
13 រួចគាត់ប្រាប់កូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ
14 គាត់ទៅតាមអ្នកសំណប់របស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា តើអ្នកជាអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាឬអី អ្នកនោះឆ្លើយថា គឺខ្ញុំនេះហើយ
15 រួចគាត់និយាយថា សូមអញ្ជើញទៅពិសារអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន