15 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុស ដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែល ចេញពីដីល្អនេះដែលទ្រង់បានប្រទានដល់ពួកអយ្យកោគេ ក៏នឹងកំចាត់កំចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើអស់ទាំងរូបព្រះសំរាប់ខ្លួន ដែលបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្តីក្រោធ
16 ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបផង ដោយសារការនោះឯង។
17 ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
18 រួចពួកអ៊ីស្រាអែលទាំងអស់គ្នាក៏បញ្ចុះសពទ្រង់ ហើយកាន់ទុក្ខតាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារហោរាអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់។
19 រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចំបាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ
20 យេរ៉ូបោមបានសោយរាជ្យអស់២២ឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយណាដាបព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
21 ឯរេហូបោម ជាព្រះរាជបុត្រានៃសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានចាប់តាំងសោយរាជ្យឡើង នោះទ្រង់បានព្រះជន្ម៤១ឆ្នាំហើយ ក៏សោយរាជ្យបាន១៧ឆ្នាំ នៅក្រុងយេរូសាឡិម ជាទីក្រុងដែលព្រះយេហូវ៉ា ទ្រង់បានរើសចេញ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សំរាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងនាមជាន៉ាអាម៉ា ជាសាសន៍អាំម៉ូន