2 ហើយយេរ៉ូបោមមានព្រះបន្ទូលនឹងភរិយាថា ចូរឲ្យឯងក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ឯងថាជាប្រពន្ធអញឡើយ រួចទៅឯក្រុងស៊ីន្បូរទៅ នៅទីនោះ មានហោរាអ័ហ៊ីយ៉ា ដែលបានទាយពីដំណើរ ដែលអញនឹងសោយរាជ្យលើបណ្តាជននេះ
3 ចូរនាំយកនំបុ័ង១០ដុំ និងនំផ្អែមខ្លះ ហើយពួច១ពេញដោយទឹកឃ្មុំ ទៅឯលោក លោកនឹងប្រាប់ឯង ឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា
4 ភរិយារបស់យេរ៉ូបោមក៏ធ្វើដូច្នោះ នាងក្រោកឡើងទៅឯផ្ទះអ័ហ៊ីយ៉ា នៅក្រុងស៊ីឡូរ រីឯអ័ហ៊ីយ៉ា លោកមើលមិនឃើញទេ ពីព្រោះភ្នែកងងឹតដោយចាស់ណាស់ហើយ
5 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់អ័ហ៊ីយ៉ាថា មើល ភរិយារបស់យេរ៉ូបោមមកសួរឯង ពីដំណើរកូនដែលឈឺ ត្រូវឲ្យឯងប្រាប់នាងដូច្នេះមួយៗ ដ្បិតកាលណានាងចូលមក នោះនាងនឹងធ្វើភាពជាស្ត្រីផ្សេងទៀត។
6 ដូច្នេះ កាលអ័ហ៊ីយ៉ា បានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង
7 សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអញបានលើកឯង ពីកណ្តាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រអញ
8 ព្រមទាំងកន្ត្រាក់យករាជ្យពីព្រះវង្សាដាវីឌមកឲ្យឯងវិញ តែឯងមិនបានដូចដាវីឌ ជាអ្នកបំរើអញ ដែលបានកាន់តាមបញ្ញត្តអញ ហើយដើរតាមអញ ដោយអស់ពីចិត្ត ដើម្បីនឹងប្រព្រឹត្តតែសេចក្តីដែលទៀងត្រង់ នៅភ្នែកអញទេ