១ ពង្សាវតារក្សត្រ 14:21-27 KHOV

21 ឯ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា​នៃ​សាឡូ‌ម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​បាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​រើស​ចេញ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាលម៉ាន សំរាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​នាម​ជា​ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន

22 ពួក​យូដា​ក៏​ប្រព្រឹត្ត​អាក្រក់​លាមក​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្តី​ប្រចណ្ឌ ដោយ‌សារ​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​លើស​ជាង​ពួក​អយ្យកោ​របស់​គេ​ទៅ​ទៀត

23 ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ បង្គោល​សំរាប់​គោរព និង​រូប​ព្រះ សំរាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ

24 ក៏​តាំង​ឲ្យ​មាន​កូន​ជឹង​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ។

25 លុះ​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម នោះ​ស៊ីសាក​ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម

26 ក៏​យក​អស់​ទាំង​ទ្រព្យ‌សម្បត្តិ នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ក្នុង​ដំណាក់​ស្តេច​ទាំង​អស់​ទៅ ហើយ​យក​ទាំង​ខែល​មាស ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​ផង​ដែរ

27 រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច