១ ពង្សាវតារក្សត្រ 14:3-9 KHOV

3 ចូរ​នាំ​យក​នំបុ័ង​១០​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ពួច​១​ពេញ​ដោយ​ទឹក​ឃ្មុំ ទៅ​ឯ​លោក លោក​នឹង​ប្រាប់​ឯង ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា

4 ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ នាង​ក្រោក​ឡើង​ទៅ​ឯ​ផ្ទះ​អ័ហ៊ីយ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ីយ៉ា លោក​មើល​មិន​ឃើញ​ទេ ពី​ព្រោះ​ភ្នែក​ងងឹត​ដោយ​ចាស់​ណាស់​ហើយ

5 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ័ហ៊ីយ៉ា​ថា មើល ភរិយា​របស់​យេរ៉ូ‌បោម​មក​សួរ​ឯង ពី​ដំណើរ​កូន​ដែល​ឈឺ ត្រូវ​ឲ្យ​ឯង​ប្រាប់​នាង​ដូច្នេះ​មួយៗ ដ្បិត​កាល​ណា​នាង​ចូល​មក នោះ​នាង​នឹង​ធ្វើ​ភាព​ជា​ស្ត្រី​ផ្សេង​ទៀត។

6 ដូច្នេះ កាល​អ័ហ៊ីយ៉ា បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា ភរិយា​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ ព្រះ‌នាង​ធ្វើ​ភាព​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូល‌បង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង

7 សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អញ​បាន​លើក​ឯង ពី​កណ្តាល​ពួក​ប្រជា‌ជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

8 ព្រម​ទាំង​កន្ត្រាក់​យក​រាជ្យ​ពី​ព្រះ‌វង្សា​ដាវីឌ​មក​ឲ្យ​ឯង​វិញ តែ​ឯង​មិន​បាន​ដូច​ដាវីឌ ជា​អ្នក​បំរើ​អញ ដែល​បាន​កាន់​តាម​បញ្ញត្ត​អញ ហើយ​ដើរ​តាម​អញ ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្តី​ដែល​ទៀង​ត្រង់ នៅ​ភ្នែក​អញ​ទេ

9 គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង