8 ព្រមទាំងកន្ត្រាក់យករាជ្យពីព្រះវង្សាដាវីឌមកឲ្យឯងវិញ តែឯងមិនបានដូចដាវីឌ ជាអ្នកបំរើអញ ដែលបានកាន់តាមបញ្ញត្តអញ ហើយដើរតាមអញ ដោយអស់ពីចិត្ត ដើម្បីនឹងប្រព្រឹត្តតែសេចក្តីដែលទៀងត្រង់ នៅភ្នែកអញទេ
9 គឺឯងបានប្រព្រឹត្តនៅចំពោះអញ ដោយអាក្រក់លើសជាងអស់អ្នកដែលនៅមុនឯងវិញ ព្រមទាំងធ្វើព្រះដទៃ និងរូបសិតផង ជាការដែលបណ្តាលឲ្យអញខឹង ហើយឯងបានបោះបង់ចោលអញ ទៅខាងក្រោយខ្នងឯង
10 នោះបានជាអញនឹងនាំសេចក្តីអាក្រក់ មកលើពូជពង្សយេរ៉ូបោម ហើយនឹងកាត់គ្រប់ទាំងកូនប្រុសៗពីវង្សារបស់យេរ៉ូបោមចេញ ទោះទាំងអ្នកដែលបិទបាំងទុក ឬជាអ្នកឥតមានចំណង ក្នុងពួកអ៊ីស្រាអែលក្តី ហើយអញនឹងបោសពួកវង្សរបស់យេរ៉ូបោមទៅ ដូចជាគេបោសអាចម៍សត្វចោល ទាល់តែអស់រលីង
11 អ្នកណាក្នុងវង្សយេរ៉ូបោម ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ីខ្មោច ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីខ្មោចនោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយ
12 ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់ទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុងហើយ នោះបុត្រនឹងសុគតទៅ
13 ពួកអ៊ីស្រាអែលទាំងអស់គ្នានឹងកាន់ទុក្ខ ហើយបញ្ចុះសពទ្រង់ ដ្បិតក្នុងវង្សារបស់យេរ៉ូបោម នោះមានតែបុត្រនេះ១ប៉ុណ្ណោះ ដែលនឹងបានបញ្ចុះក្នុងផ្នូរ ពីព្រោះក្នុងវង្សាយេរ៉ូបោម មានតែបុត្រមួយនេះទេ ដែលឃើញមានសេចក្តីល្អខ្លះចំពោះព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល
14 មួយទៀត ព្រះយេហូវ៉ាទ្រង់នឹងតាំងឲ្យមានស្តេច១ផ្សេងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ