១ ពង្សាវតារក្សត្រ 14:9-15 KHOV

9 គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង

10 នោះ​បាន​ជា​អញ​នឹង​នាំ​សេចក្តី​អាក្រក់ មក​លើ​ពូជ‌ពង្ស​យេរ៉ូ‌បោម ហើយ​នឹង​កាត់​គ្រប់​ទាំង​កូន​ប្រុសៗ​ពី​វង្សា​របស់​យេរ៉ូ‌បោម​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក ឬ​ជា​អ្នក​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រា‌អែល​ក្តី ហើយ​អញ​នឹង​បោស​ពួក​វង្ស​របស់​យេរ៉ូ‌បោម​ទៅ ដូច​ជា​គេ​បោស​អាចម៍​សត្វ​ចោល ទាល់​តែ​អស់​រលីង

11 អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ

12 ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​បុត្រ​នឹង​សុគត​ទៅ

13 ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោម មាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្តី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល

14 មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឲ្យ​មាន​ស្តេច​១​ផ្សេង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ

15 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ពួក​អ៊ីស្រា‌អែល ដូច​ជា​ដើម​បបុស ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រា‌អែល ចេញ​ពី​ដី​ល្អ​នេះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​គេ ក៏​នឹង​កំចាត់‌កំចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​អស់​ទាំង​រូប​ព្រះ​សំរាប់​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្តី​ក្រោធ