1 លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យយេរ៉ូបោម ជាបុត្រនេបាត នោះអ័ប៊ីយ៉ាក៏ចាប់តាំងសោយរាជ្យឡើងនៅស្រុកយូដា
2 ទ្រង់គ្រងរាជ្យបាន៣ឆ្នាំនៅក្រុងយេរូសាឡិម ឯមាតា ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម
3 ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលព្រះបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះទ័យទ្រង់មិនបានស្មោះត្រង់ ដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យដាវីឌ ជាអយ្យកោទ្រង់ទេ
4 ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀង១ភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងព្រះរាជបុត្រាទ្រង់ឲ្យសោយរាជ្យឡើងជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ