១ ពង្សាវតារក្សត្រ 15:17-23 KHOV

17 ឯ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ពួក​យូដា ក៏​សង់​ក្រុង​រ៉ាម៉ា​ឡើង ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ចេញ​ចូល​ទៅ​ខាង​អេសា ជា​ស្តេច​ស្រុក​យូដា​បាន​ឡើយ

18 ដូច្នេះ អេសា​ទ្រង់​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា

19 ទ្រង់ ហើយ​នឹង​ទូល‌បង្គំ​មាន​សេចក្តី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​ព្រះ‌បិតា​ទូល‌បង្គំ និង​ព្រះ‌បិតា​របស់​ទ្រង់​ផង នោះ​នែ ទូល‌បង្គំ​ផ្ញើ​ដង្វាយ ជា​ប្រាក់​មាស​មក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ពី​ទូល‌បង្គំ​ចេញ

20 បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​ពល‌ទ័ព​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-បេត-ម្អាកា ព្រម​ទាំង​ស្រុក​គីនេ‌រ៉ែត​ទាំង​មូល ហើយ​ស្រុក​ណែប‌ថាលី​ទាំង​អស់

21 កាល​ប្អាសា​បាន​ជ្រាប នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ

22 គ្រា​នោះ ស្តេច​អេសា​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ប្រោស​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្ម និង​ឈើ ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខែត្រ​បេន‌យ៉ា‌មីន ព្រម​ទាំង​ក្រុង​មីសប៉ា​វិញ។

23 រីឯ​ដំណើរ​ឯ​ទៀត ពី​អេសា និង​អំណាច​របស់​ទ្រង់ ហើយ​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្តេច​ទ្រង់​ព្រះ‌ជរា​ហើយ នោះ​ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ