១ ពង្សាវតារក្សត្រ 15:19-25 KHOV

19 ទ្រង់ ហើយ​នឹង​ទូល‌បង្គំ​មាន​សេចក្តី​សញ្ញា​នឹង​គ្នា​មក​ហើយ ព្រម​ទាំង​ព្រះ‌បិតា​ទូល‌បង្គំ និង​ព្រះ‌បិតា​របស់​ទ្រង់​ផង នោះ​នែ ទូល‌បង្គំ​ផ្ញើ​ដង្វាយ ជា​ប្រាក់​មាស​មក​ថ្វាយ​ដល់​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​មាន​ចំពោះ​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ទៅ ដើម្បី​ឲ្យ​គេ​ថយ​ពី​ទូល‌បង្គំ​ចេញ

20 បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​ពល‌ទ័ព​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-បេត-ម្អាកា ព្រម​ទាំង​ស្រុក​គីនេ‌រ៉ែត​ទាំង​មូល ហើយ​ស្រុក​ណែប‌ថាលី​ទាំង​អស់

21 កាល​ប្អាសា​បាន​ជ្រាប នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​ធើសា​វិញ

22 គ្រា​នោះ ស្តេច​អេសា​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ប្រកាស​ដល់​ពួក​យូដា​ទាំង​អស់​គ្នា ឥត​ប្រោស​ទុក​អ្នក​ណា​មួយ​ឡើយ ហើយ​គេ​ក៏​ទៅ​យក​ទាំង​ថ្ម និង​ឈើ ដែល​ប្អាសា​បាន​ប្រើ ដើម្បី​នឹង​សង់​ក្រុង​រ៉ាម៉ា​មក រួច​ស្តេច​អេសា​ក៏​យក​ទៅ​សង់​ក្រុង​កេបា​នៅ​ខែត្រ​បេន‌យ៉ា‌មីន ព្រម​ទាំង​ក្រុង​មីសប៉ា​វិញ។

23 រីឯ​ដំណើរ​ឯ​ទៀត ពី​អេសា និង​អំណាច​របស់​ទ្រង់ ហើយ​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្តេច​ទ្រង់​ព្រះ‌ជរា​ហើយ នោះ​ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ

24 អេសា ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ជា​អយ្យកោ រួច​យ៉ូសា‌ផាត ជា​ព្រះ‌រាជ‌បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

25 លុះ​ដល់​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​ណាដាប ជា​ព្រះ‌រាជ‌បុត្រា​យេរ៉ូ‌បោម ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល​បាន​២​ឆ្នាំ