25 លុះដល់ឆ្នាំទី២ ក្នុងរាជ្យអេសា ជាស្តេចស្រុកយូដា នោះណាដាប ជាព្រះរាជបុត្រាយេរ៉ូបោម ទ្រង់ចាប់តាំងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបាន២ឆ្នាំ
26 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយប្រតិបត្តិតាមផ្លូវ និងតាមអំពើបាបរបស់ព្រះបិតា ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ
27 រួចប្អាសា ជាកូនអ័ហ៊ីយ៉ា ក្នុងពូជអំបូរអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសំឡាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន
28 គឺនៅឆ្នាំទី៣ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ដែលប្អាសាបានធ្វើគុតណាដាប រួចក៏សោយរាជ្យឡើងជំនួសទ្រង់
29 លុះបានតាំងឡើងជាស្តេចហើយ នោះទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់ ដែលនៅក្រុងស៊ីឡូរ
30 ដោយព្រោះអំពើបាបដែលយេរ៉ូបោមបានធ្វើ ព្រមទាំងឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តតាមដែរ ជាអំពើដែលបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្តីក្រោធ។
31 រីឯដំណើរឯទៀតពីណាដាប និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ