3 ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលព្រះបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះទ័យទ្រង់មិនបានស្មោះត្រង់ ដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះទ័យដាវីឌ ជាអយ្យកោទ្រង់ទេ
4 ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀង១ភ្លឺ នៅក្រុងយេរូសាឡិម គឺបានតាំងព្រះរាជបុត្រាទ្រង់ឲ្យសោយរាជ្យឡើងជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡិមនៅជាប់តទៅ
5 ពីព្រោះដាវីឌបានប្រព្រឹត្តសេចក្តីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញ ពីសេចក្តីបង្គាប់ណាមួយរបស់ទ្រង់ ដរាបអស់ព្រះជន្ម លើកតែក្នុងរឿងពីអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ
6 ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។
7 រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា
8 អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។
9 លុះដល់ឆ្នាំទី២០ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាចាប់តាំងសោយរាជ្យឡើង នៅស្រុកយូដា