1 នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេហ៊ូវ ជាកូនហាណានីទាស់នឹងប្អាសាថា
2 ដោយព្រោះអញបានលើកឯងពីធូលីដីឡើង តាំងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលជារាស្ត្រអញ តែឯងបានដើរតាមផ្លូវរបស់យេរ៉ូបោមវិញ ព្រមទាំងបណ្តាលឲ្យអ៊ីស្រាអែល ជារាស្ត្រអញធ្វើបាបដែរ ជាការដែលនាំឲ្យអញខឹង ដោយសារអំពើបាបរបស់គេ
3 នេះនែ អញនឹងបោសឯង និងពូជពង្សឯងចេញអស់រលីង ឲ្យបានដូចជាពូជពង្សរបស់យេរ៉ូបោម ជាកូននេបាតដែរ
4 អ្នកណាក្នុងវង្សប្អាសា ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីទៅ។
5 រីឯដំណើរឯទៀតពីប្អាសា ហើយការដែលទ្រង់ធ្វើ និងពីអំណាចទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
6 ប្អាសាក៏ផ្ទំលក់ ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្រុងធើសា រួចអេឡា ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា
7 ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះបានសំដែងមក ទាស់នឹងប្អាសា ហើយនឹងព្រះរាជវង្សទ្រង់ ដោយសារហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្តាលឲ្យទ្រង់ក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។