១ ពង្សាវតារក្សត្រ 18:1-7 KHOV

1 កាល​កន្លង​ជា​យូរ​ហើយ គឺ​ដល់​ឆ្នាំ​ទី​៣ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អេលីយ៉ា​ថា ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​អ័ហាប់​ឃើញ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​លើ​ផែនដី

2 ដូច្នេះ អេលីយ៉ា​ក៏​ទៅ ដើម្បី​បង្ហាញ​ខ្លួន​ដល់​អ័ហាប់ រីឯ​នៅ​ស្រុក​សាម៉ារី មាន​អំណត់​អត់​ជា​ខ្លាំង​ណាស់

3 ចំណែក​អ័ហាប់​ទ្រង់​ហៅ​អូបាឌា ជា​ឧកញ៉ា​វាំង​មក (រីឯ​អូបាឌា​នេះ លោក​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ណាស់

4 ដ្បិត​កាល​យេសិ‌បិល​បាន​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​១០០​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង និង​ទឹក។

5 អ័ហាប់​មាន​ព្រះ‌បន្ទូល​ទៅ​អូបាឌា​ថា ចូរ​ឯង​ទៅ​អស់​ទាំង​រន្ធ​ទឹក និង​ជ្រោះ​ទឹក​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក ប្រហែល​ជា​យើង​នឹង​រក​បាន​ស្មៅ​ល្មម​នឹង​ចិញ្ចឹម​សេះ ហើយ​នឹង​លា‌កាត់​ឲ្យ​រស់​នៅ​បាន ដើម្បី​កុំ​ឲ្យ​ហ្វូង​សត្វ​ស្លាប់​ទៅ​ទាំង​អស់​ឡើយ

6 ដូច្នេះ គេ​ក៏​ចែក​ស្រុក​គ្នា ដើម្បី​នឹង​ដើរ​ទៅ​មក គឺ​អ័ហាប់​បាន​ដើរ​ផ្លូវ​១​តែ​ឯង​ទៅ ហើយ​អូបាឌា​ក៏​ទៅ​តាម​ផ្លូវ​១​ទៀត​តែ​ឯង​ដែរ។

7 កាល​អូបាឌា​កំពុង​តែ​ដើរ​ទៅ នោះ​អេលីយ៉ា​មក​ប្រទះ ហើយ​លោក​ក៏​ស្គាល់​អេលីយ៉ា រួច​ក្រាប​ផ្កាប់​មុខ​ចុះ​សួរ​ថា នេះ​គឺ​លោក​អេលីយ៉ា ជា​ម្ចាស់​ខ្ញុំ​ឬ​អី