១ ពង្សាវតារក្សត្រ 18:12-18 KHOV

12 រួច​កាល​ណា​ខ្ញុំ​ចេញ​ពី​លោក​ទៅ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​យក​លោក​ទៅ​កន្លែង​ណា​ក៏​មិន​ដឹង ដូច្នេះ កាល​ខ្ញុំ​ទៅ​ទូល​ដល់​អ័ហាប់ ហើយ​ទ្រង់​រក​លោក​មិន​ឃើញ នោះ​ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ចោល ប៉ុន្តែ​ខ្ញុំ​ប្របាទ​នេះ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តាំង​តែ​ពី​ក្មេង​មក

13 តើ​គេ​មិន​បាន​ជំរាប​ដល់​លោក ជា​ម្ចាស់​ខ្ញុំ​ទេ​ឬ​អី ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​កាល​ដែល​យេសិ‌បិល​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ថា​ខ្ញុំ​បាន​បំពួន​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ចំនួន​១០០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ក្នុង​១​ពួកៗ​៥០​នាក់ ព្រម​ទាំង​ចិញ្ចឹម​គេ ដោយ​នំបុ័ង​ហើយ​ទឹក​ផង

14 ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​ទៅ​ទូល​ចៅ‌ហ្វាយ​ថា មើល​អេលីយ៉ា​មក​ហើយ ដូច្នេះ ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ជា​មិន​ខាន

15 តែ​អេលីយ៉ា​តប​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ដែរ ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​ខ្លួន ឲ្យ​ស្តេច​ឃើញ​ជា​ពិត​ប្រាកដ។

16 ដូច្នេះ អូបាឌា​ក៏​ទៅ​ជួប​នឹង​អ័ហាប់ ទូល​ឲ្យ​ទ្រង់​ជ្រាប រួច​អ័ហាប់​ទ្រង់​យាង​ទៅ​ជួប​នឹង​អេលីយ៉ា

17 កាល​អ័ហាប់​ឃើញ​អេលីយ៉ា​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឱ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សេចក្តី​វេទនា ដល់​ពួក​អ៊ីស្រា‌អែល​អើយ តើ​ឯង​ឬ​អី

18 តែ​លោក​ឆ្លើយ​ថា ទូល‌បង្គំ​មិន​បាន​ធ្វើ​ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​វេទនា​ទេ គឺ​ទ្រង់ និង​វង្សា‌នុវង្ស​នៃ​ព្រះ‌បិតា​ទ្រង់​វិញ​ទេ​តើ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល​វិញ