14 ឥឡូវនេះ លោកមានប្រសាសន៍ឲ្យខ្ញុំទៅទូលចៅហ្វាយថា មើលអេលីយ៉ាមកហើយ ដូច្នេះ ទ្រង់នឹងសំឡាប់ខ្ញុំជាមិនខាន
15 តែអេលីយ៉ាតបថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ដែរ ថា នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញខ្លួន ឲ្យស្តេចឃើញជាពិតប្រាកដ។
16 ដូច្នេះ អូបាឌាក៏ទៅជួបនឹងអ័ហាប់ ទូលឲ្យទ្រង់ជ្រាប រួចអ័ហាប់ទ្រង់យាងទៅជួបនឹងអេលីយ៉ា
17 កាលអ័ហាប់ឃើញអេលីយ៉ាហើយ នោះទ្រង់មានព្រះបន្ទូលសួរថា ឱអ្នកដែលធ្វើឲ្យមានសេចក្តីវេទនា ដល់ពួកអ៊ីស្រាអែលអើយ តើឯងឬអី
18 តែលោកឆ្លើយថា ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្តីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃព្រះបិតាទ្រង់វិញទេតើ ពីព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាលវិញ
19 ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ និងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
20 អ័ហាប់ក៏ចាត់គេ ឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលដែរ