១ ពង្សាវតារក្សត្រ 18:17-23 KHOV

17 កាល​អ័ហាប់​ឃើញ​អេលីយ៉ា​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឱ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សេចក្តី​វេទនា ដល់​ពួក​អ៊ីស្រា‌អែល​អើយ តើ​ឯង​ឬ​អី

18 តែ​លោក​ឆ្លើយ​ថា ទូល‌បង្គំ​មិន​បាន​ធ្វើ​ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​វេទនា​ទេ គឺ​ទ្រង់ និង​វង្សា‌នុវង្ស​នៃ​ព្រះ‌បិតា​ទ្រង់​វិញ​ទេ​តើ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល​វិញ

19 ដូច្នេះ ឥឡូវ​នេះ សូម​ចាត់​គេ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ឯ​ទូល‌បង្គំ នៅ​ត្រង់​ភ្នំ​កើមែល ព្រម​ទាំង​ពួក​ហោរា​នៃ​ព្រះ‌បាល​ទាំង​៤៥០​នាក់ និង​ពួក​ហោរា​នៃ​រូប​ព្រះ​ទាំង​៤០០​នាក់ ដែល​បរិភោគ​នៅ​តុ​របស់​ព្រះ‌នាង​យេសិ‌បិល​មក​ផង។

20 អ័ហាប់​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ប្រមូល​ទាំង​ពួក​ហោរា​មក​ឯ​ភ្នំ​កើមែល​ដែរ

21 រួច​អេលីយ៉ា​ក៏​ចូល​ទៅ​ជិត​ពួក​ជន​សួរ​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់‌ស្ទើរ​នា​កណ្តាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ‌បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិ‌បត្តិ​តាម​ចុះ តែ​ពួក​បណ្តា‌ជន​មិន​បាន​ឆ្លើយ សូម្បី​១​ម៉ាត់​ឡើយ

22 នោះ​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តា‌ជន​ថា ក្នុង​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​សល់​នៅ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ឯ​ហោរា​របស់​ព្រះ‌បាល​វិញ មាន​ចំនួន​៤៥០​នាក់

23 ដូច្នេះ សូម​យក​គោ​ឈ្មោល​២​មក​ឲ្យ​យើង ឲ្យ​គេ​រើស​យក​១​សំរាប់​ពួក​គេ ហើយ​កាប់​ជា​ដុំៗ​ដាក់​លើ​ឧស​ទៅ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ រួច​ខ្ញុំ​នឹង​រៀប​គោ​១​ទៀត​ដាក់​លើ​ឧស ឥត​ដាក់​ភ្លើង​ដែរ