១ ពង្សាវតារក្សត្រ 18:22-28 KHOV

22 នោះ​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តា‌ជន​ថា ក្នុង​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​សល់​នៅ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ឯ​ហោរា​របស់​ព្រះ‌បាល​វិញ មាន​ចំនួន​៤៥០​នាក់

23 ដូច្នេះ សូម​យក​គោ​ឈ្មោល​២​មក​ឲ្យ​យើង ឲ្យ​គេ​រើស​យក​១​សំរាប់​ពួក​គេ ហើយ​កាប់​ជា​ដុំៗ​ដាក់​លើ​ឧស​ទៅ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ រួច​ខ្ញុំ​នឹង​រៀប​គោ​១​ទៀត​ដាក់​លើ​ឧស ឥត​ដាក់​ភ្លើង​ដែរ

24 ហើយ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ក៏​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយ‌សារ​ភ្លើង នោះ​ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ឡើង​ថា ស្រួល​ហើយ។

25 ដូច្នេះ អេលីយ៉ា​ក៏​ប្រាប់​ដល់​ពួក​ហោរា​របស់​ព្រះ‌បាល​ថា ចូរ​រើស​គោ​១​សំរាប់​អ្នក​រាល់​គ្នា​ចុះ ហើយ​រៀប​ដាក់​ជា​មុន​ទៅ ដ្បិត​ខាង​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន រួច​ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ

26 គេ​ក៏​ទទួល​យក​គោ​១ ដែល​បាន​ឲ្យ​ដល់​គេ រួច​គេ​រៀប‌ចំ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌បាល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា ឱ​ព្រះ‌បាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង ប៉ុន្តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​មក​សោះ គេ​ក៏​លោត​ព័ទ្ធ​ជុំវិញ​អាស‌នា ដែល​គេ​បាន​ធ្វើ​នោះ

27 គ្រា​ដល់​ពេល​ថ្ងៃ​ត្រង់​ហើយ នោះ​អេលីយ៉ា​ពោល​ចំអក​ថា ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង

28 គេ​ក៏​ស្រែក​ខ្លាំង​ឡើង ព្រម​ទាំង​យក​កាំបិត​ឆូត​សាច់​តាម​ទំលាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ប្រឡាក់​កាយ