25 ដូច្នេះ អេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា ចូររើសគោ១សំរាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់ជាមុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ
26 គេក៏ទទួលយកគោ១ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង ប៉ុន្តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនា ដែលគេបានធ្វើនោះ
27 គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះអេលីយ៉ាពោលចំអកថា ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង
28 គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទំលាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
29 លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយដង្វាយល្ងាច តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
30 បន្ទាប់នោះ អេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា សូមចូលមកជិតខ្ញុំវិញ ជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំហើយ
31 អេលីយ៉ាលោកយកថ្ម១២តាមចំនួនពូជអំបូរពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថា អ៊ីស្រាអែលវិញ